ស្នងការ ខេត្តកំពង់ចាម ស្វែងរកជំនួយ ជាបន្តបន្ទាប់ បានជាង១ពាន់ដុល្លារ
កំពង់ចាម ៖ មន្រ្តីនគរបាល ប៉ុស្តិ៍ជើងព្រៃ នៃអធិការដ្ឋាននគរបាល ស្រុក បាធាយ ខេត្តកំពង់ចាម លោក ស សុខជា ថ្នាក់ព្រឹន្ទបាលឯក ដែលបច្ចុប្បន្ន រស់នៅ ក្នុងខ្ទមដ៏តូចមួយ ប្រកស្លឹក និងជញ្ជាំងស្លឹក ជាមួយប្រពន្ធ និង កូនចំនួន ២នាក់នោះ ឥឡូវកំពុងតែ ប្រឈមមុខ នឹងបញ្ហាជីវភាព យ៉ាងខ្លាំង ក្រោយពេលដែលខ្ទម ដែលគាត់កំពុងរស់នៅនោះ ត្រូវព្រះអគ្គី លេបយក ទៅអស់ គ្មានសល់ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ នេះ ។
បម្រើជា មន្រ្តីនគរបាល អស់រយះជាង២០ឆ្នាំ លោក ស សុខជា ទើបតែបានស័ក្តិពាក់ ជាថ្នាក់ព្រឹន្ទបាលឯកប៉ុណ្ណោះ ហើយបច្ចុប្បន្ន រស់នៅក្នុងខ្ទមស្លឹក ដែលមាន ទំហំប្រវែង ៤ម៉ែត្រ គុណនឹង៤ម៉ែត្រប៉ុណ្ណោះ ពោលដេក ក៏នៅក្នុងខ្ទម ដាំ ស្លក៏នៅក្នុងខ្ទម យ៉ាងកំសត់វេទនា ពិបាកភ្នែកមើលណាស់ ។
លោក ស សុខជា និងក្រុមគ្រួសារ បច្ចុប្បន្នរស់នៅ ភូមិអណ្តូងស្នាយ ឃុំជើងព្រៃ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប៉ុន្តែក្រោយមានករណីភ្លើងឆេះ ក៏ត្រូវលោក ស្នងការ ឲ្យមកនៅកន្លែងប៉ុស្តិ៍ ជាបណ្តោះអាសន្ន។
ចំពោះបញ្ហាដែល កំពុងកើតមានឡើង ទៅលើមន្រ្តី នគរបាលរបស់ខ្លួន ខាងលើនេះ ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន ក្រៅពីបានជួយ ឧបត្ថម្ភថវិកា ផ្ទាល់ខ្លួនចំនួន២០០ដុល្លារនោះ លោកឧត្តមសេនីយ៍ ស្នងការ ក៏បានអំពាវនាវដល់ ថ្នាក់ដឹកនាំ នគរបាល និងសប្បុរសជននានា នៅក្នុងខេត្តឲ្យជួយផងដែរ ។
គិតត្រឹមល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥នេះ លោកស្នងការ បែន រ័ត្ន បានបញ្ជាក់ថា ថវិកាដែលបានជួយបរិច្ចាគ ដល់មន្រ្តី នគរបាល ដ៏កំសត់ខាងលើនេះ បានជាង១ពាន់ដុល្លារហើយ និង កំពុងបន្ត ស្វែករកជំនួយ បន្ថែមទៀត ក្រែងបានសាងសង់ផ្ទះមួយកន្លែង រស់នៅ បានសមរម្យ នៅក្នុងសង្គម។
ចំពោះថវិកាទាំងនេះ លោកស្នងការ បានចាត់ ឲ្យលោក ស្នងការរង នគរបាលខេត្ត ជា ជាង នឹងនាំយកទៅប្រគល់ជូន ដល់មន្រ្តី នគរបាលរូបនេះ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ ខាងមុខ។
យោងតាមលោក ស្នងការនគរបាល ខេត្តកំពង់ចាម ថ្នាក់ដឹកនាំ និង សប្បុរសជន ដែលបាន ជួយដល់មន្រ្តី នគរបាលដែលកំសត់រូបនេះ រួមមាន ថ្នាក់ការិយាល័យ កណ្តាល ចំនួន២០ម៉ឺនរៀល ការិយាល័យ ចរាចរណ៍ ផ្លូវគោក ចំនួន២០ម៉ឺនរៀល ការិយាល័យ ចរាចរណ៍ផ្លូវទឹក ចំនួន១១ម៉ឺនរៀល ការិយាល័យ ចំការកៅស៊ូ ចំនួន១០ម៉ឺនរៀល ការិយាល័យ សណ្តាប់ធ្នាប់ ចំនួន១០ម៉ឺនរៀល ការិយាល័យ ទេសចរណ៍ ៥ម៉ឺនរៀល នាគរាជ០១ ចំនួន ២០ម៉ឺនរៀល បក្សី០១ ចំនួន៥០ដុល្លារ នាគព័ន្ធ០១ ចំនួន២០ម៉ឺនរៀល លោក កែវ ស៊ាងហ៊ាន់ ចំនួន៥០ដុល្លារ ធនធាន០៣ ចំនួន៥ម៉ឺនរៀល លោក គឹម សួរភិរុណ តំណាង អភិបាលខេត្តកំពង់ចាម ចំនួន១លានរៀល កោះកេរ្តិ៍ ០១ ចំនួន១០ម៉ឺនរៀល ធនធាន០១ ចំនួន៥០ដុល្លារ សច្ចះ០១ ចំនួន៥ ម៉ឺនរៀល ភ្នំប្រុស០១ ចំនួន១០ម៉ឺនរៀល ការិយាល័យ ព្រហ្មទណ្ឌកំរិត ស្រាលចំនួន១០០ដុល្លារ ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ចំនួន១០០ដុល្លារ លោក ជីវ ចាន់តារ៉ាចំនួន៥០ដុល្លារ លោក ប្រេង ហ៊ីម ចំនួន៥ម៉ឺនរៀល ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ចំនួន ២០ម៉ឺន រៀល ផែនអត្តអញ្ញាណប័ណ្ណ ចំនួន២០ម៉ឺនរៀល ការិយាល័យប្រឆាំង គ្រឿងញៀន ចំនួន១០ម៉ឺនរៀល ថាមពល០១ ចំនួន១០ម៉ឺនរៀល អភិបាល ស្រុកបាធាយ ជួយឧបត្ថម្ភ ស័ង្កសីចំនួន១៥សន្លឹក។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ ស្នងការ នៅតែបន្តអំពាវនាវដល់ សប្បុរសជននានា មេត្តាជួយ បរិច្ចាគ ដល់មន្រ្តីនគរបាល ដែលកំពុង មានបញ្ហាយ៉ាងធ្ងន់ធ្ងរ ខណៈដែលខ្លួន បានបម្រើការងារជូនជាតិជាង២០ឆ្នាំមកហើយ។
ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងថា «ក្នុងស្ថានភាព បែបនេះ ខ្ញុំសូមអំពាវនាវ ដល់ថ្នាក់ដឹកនាំ និង មិត្តនគរបាល យើងទូទាំងខេត្ត និងសប្បុរសជននានាផងដែរ មេត្តារួមគ្នា ជួយឧបត្ថម្ភ ដល់មិត្តយើង ដែលរងគ្រោះនេះ ឲ្យគ្នាមានលទ្ធភាព សង់ផ្ទះបានវិញ និងឲ្យបាន សមរម្យ ជាងនេះ កាន់តែប្រសើរ»។