មកពី សប្បាយ អ្នកប្រដាល់កំពុងលេចធ្លោ ផល សោភ័ណ្ឌ បានប្រាប់ពីបទពិសោធន៍ក្នុងការផ្ដួលដៃគូកន្លងមកលើសង្វៀនមុនឡើងសង្វៀនប៉ះកីឡាករថៃ Jek Ngourn Deng Yin នាថ្ងៃ សៅរ៍ ទី ៣០ ខែ ឧសភាឆ្នាំ ២០១៥ វេលាម៉ោង ៦:០០ល្ងាចនៅសង្វៀនទូរទស្សន៍ CNC ក្នុងព្រឹត្តិការណ៍ជើងឯកគោជល់។
កីឡាករ ផល សោភ័ណ្ឌ (ក្រហម)ប្រកួតនឹងកីឡាករថៃ (ខៀវ)កន្លងមក
ជើងខ្លាំងប្រចាំក្លិបតាឡីដំរីមានរិទ្ធិ ផល សោភ័ណ្ឌ បានឲ្យដឹងថា ការវាយដៃគូកន្លងមកដែលតែងតែទទួលបានជោគជ័យគឺ កែង និងកណ្ដាប់ដៃ ។ វិធីដែលធ្វើឲ្យគេមានកម្លាំងដៃ និងកែងល្អ ព្រមទាំងមានកម្លាំងកែងខ្លាំងដូចនេះមកពីរូបគេព្យាយាមក្នុងការហ្វឹកហាត់ដូចជាដាល់បាវសាក់ ទាត់ និងវាយកែងដាក់បាវសាក់ដោយចំណាយកម្លាំងវ៉ៃក្នុងពេលកំពុងហ្វឹកហាត់មិនសំចៃកម្លាំងទុកឡើយ ដល់ពេលប្រកួតជាមួយមនុស្សធ្វើឲ្យកណ្ដាប់ដៃនិងកែងមានទម្ងន់ធ្ងន់។
ជើងខ្លាំងរូបនេះបានបន្តថា សម្រាប់ការស្ទាបស្ទង់សមត្ថភាពតែងតែប្រើរយៈពេល ច្រើនបំផុតត្រឹម៣ទឹកដំបូង ហើយបច្ចេកទេសក្នុងការសាកល្បងលូកឆ្វេង លូកស្ដាំលើ និងក្រោម ដោយវ៉ៃតាមបច្ចេកទេស ស្ទង់មើលមិនហ៊ានធ្វេសប្រហែសឡើយ។ ទោះជាយ៉ាងណា បទពិសោធន៍ក្នុងការស្ទាបស្ទង់សមត្ថភាពដៃគូរបស់ សោភ័ណ្ឌ ក៏ធ្លាប់ធ្វើឲ្យគេគិតខុសម្ដងផងដែរ។ ប៉ុន្តែប្រសិនបើដៃគូត្រូវបានកីឡាកររូបនេះសំគាល់ឃើញថា មានកម្រិតមួយខ្សោយ និងមានចន្លោះប្រហោងច្រើននោះ រូបគេនឹងផ្ដួលភ្លាមឲ្យតែមានឱកាស។
អ្នកប្រដាល់កំពុងល្បីឈ្មោះរូបនេះ បានបញ្ជាក់ថា កាលពីប៉ុន្មានសប្ដាហ៍មុនដៃគូរបស់គេបានប្រើក្បាច់បន្លំភ្នែកដោយតាំងជំហរប្រើកណ្ដាប់ដៃស្ដាំហើយ សោភ័ណ្ឌ គិតថា ដៃគូពិតជាប្រើក្បាច់ល្អ តែខាងស្ដាំធ្វើឲ្យគេប្រឹងបិទតែកណ្ដាប់ដៃស្ដាំប៉ុណ្ណោះ។ ប៉ុន្តែរំពេចនោះកីឡាករកម្ពុជាត្រូវបាន ដួលលើសង្វៀនថែមទាំងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់ ៨ ទៀតផង ព្រោះកណ្ដាប់ដៃខាងឆ្វេងទៅវិញ។
ងាកមកការប្រកួតថ្ងៃសៅរ៍ក្នុងព្រឹត្តិការណ៍ជើងឯកគោជល់ខាងមុខនេះវិញ សោភ័ណ្ឌ បានប្រាប់ថា ដៃគូរបស់គេបានប្រកួតជាមួយកីឡាករកម្ពុជា កន ចន្ថា កាលប្រកួតទីមួយក្នុងវគ្គសន្សំពិន្ទុម្ដងរួចមកហើយ។ ពេលនេះគេបានសំគាល់ឃើញថា ដៃគូថៃដែលត្រូវជួបនាថ្ងៃសៅរ៍ក្នុងវគ្គសន្សំពិន្ទុសម្រាប់ការប្រកួតទី២នេះពូកែទាត់ឆ្វេង និងស្ដាំស្មើគ្នាល្អ ព្រមទាំងមានជំហររឹងមាំទៀត។ សោភ័ណ្ឌ បានអះអាងថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីមិនឲ្យអ្នកគាំទ្រខកបំណង។ ទោះជាយ៉ាងណា រូបគេមិនបានបញ្ជាក់ថា សង្ឃឹមឈ្នះប៉ុន្មានភាគរយនោះទេ។
នេះជាការប្រកួតលើកទី២ក្នុងវគ្គសន្សំពិន្ទុរបស់ ផល សោភ័ណ្ឌ ខណៈការប្រកួតលើកទី១ គេបានផ្ដួលកីឡាករថៃក្នុងទឹកទី១៕
No comments:
Post a Comment