Pages

Thursday, July 30, 2015

តាវ៉ិចទ័រ អ្នក​ដឹកនាំ ពែកមី សម្ដែង ឥឡូវ ពែកមី ដឹកនាំ​​វិញ​ម្ដង

brought to you by IT Koh Trol
សុវណ្ណ រិទ្ធី ហៅ​តាវ៉ិចទ័រ ដែល​ជា​អ្នក​គ្រប់​គ្រង និង​ដឹកនាំ​ក្រុម​កំប្លែង​នាយ ពែកមី សម្ដែង​នោះ ឥឡូវ​បាន​ក្លាយ​មក​ជា​អ្នក​សម្ដែង​ក្រោម​ការ​ដឹកនាំ​របស់​តារា​កំប្លែង​មក​ពី​ស្វាយរៀង​រូប​នេះ​វិញ​ម្ដង ក្រោយ​លោក​សម្រេច​ហក់​ចូល​មក​សម្ដែង​លើក​ដំបូង​ក្នុង​រឿង “ឪពុក​២”។

ដំណើរ​ឆ្ពោះ​មក​សិល្បៈ​សម្ដែង​នេះ ប្រធាន​គ្រប់គ្រង​ខាង​លើ អះអាង​ថា ធ្វើ​តាម​ការ​អូសទាញ​របស់​នាយ​ពែកមី ដែល​ជា​ក្រុម​ការងារ​ក្នុង​ក្រុម​កំប្លែង CTN របស់​លោក។ តាវ៉ិចទ័រ បញ្ជាក់​ថា នាយ​ពែកមី​ធ្វើ​ដូច្នេះ ព្រោះ​តែ​ចង់​សង​គុណ​លោក​ដែល​បាន​ជួយ​ឲ្យ​ការងារ​សម្ដែង​របស់​គេ​មាន​ការ​រីក​ចម្រើន។ ប៉ុន្តែ​មុន​ដល់​ការ​សម្រេច​ចិត្ត លោក​ចំណាយ​ពេល​គិត​ច្រើន​ដែរ។


“ពែកមី គេ​សរសេរ​ចប់ គេ​មក​ហៅ ដំបូង​គេ​ថា បង​ដើរ​ម៉ា​រឿង​ទី​អ្ហី បង​អ្ហែង​ថត​កុន​ទៅ ខ្ញុំ​សរសេរ​ហើយ ខ្ញុំ​ថា អ្ហេ​មិន​កើត​ទេ​អ្ហី​អា​តួ ព្រោះ​ខ្ញុំ​ហៅ​គេ​អា​តួ តែ​គេ​ថា​មិន​អី​បង​ដឹក​នាំ​សម្ដែង​ធ្វើ​ទឹក​មុខ​អី​បាន​ហើយ ហើយ​ក៏​មាន​ការ​ស្រុះ​ស្រួល​គ្នា​ទៅ”

លោក សុវណ្ណ រិទ្ធី បន្ត​ថា ការ​ដែល​លោក​គិត​យូរ​បន្តិច មិន​មែន​មក​ពី​ការ​ប្រកាន់​ខ្លួន​ដែល​ជា​ថ្នាក់​លើ​របស់​នាយ ពែកមី ហើយ​ទៅ​សម្ដែង​ឲ្យ​តារា​កំប្លែង​សម្បូរ​វោហារ​រូប​នេះ​ដឹកនាំ​នោះ​ទេ ប៉ុន្តែ​មក​ពី​លោក​មិន​ប្រាកដ​ខ្លួន​ឯង​ថា សម្ដែង​បាន​ឬ​អត់​ប៉ុណ្ណោះ។

“ទទឹងទទែង​គ្នា​ម៉ា​សន្ទុះ​ដែរ​ហ្នឹង​ណាស់ ព្រោះ​ធ្លាប់​នៅ​ខាង​ក្រោយ​កាមេរ៉ា ដល់​មក​នៅ​ខាង​មុខ គឺ​មាន​ផល​វិបាក…គឺ​យើង​មិន​អាច​មើល​ឃើញ​ខ្លួន​ឯង​គ្រប់​ជ្រុង​ជ្រោយ​ទេ  មនុស្ស​យើង​សូម្បី​តែ​មាន​កញ្ចក់ ក៏​មិន​អាច​មើល​ឃើញ​ខ្នង​ខ្លួន​ឯង​ដែរ”។ តា​វ៉ិចទ័រ ថ្លែង។

អ្នក​គ្រប់​គ្រង​ក្រុម​កំប្លែង​នាយ ពែកមី រូប​នេះ គឺ​តួ​ឪពុក​ម្នាក់​ក្នុង​ចំណោម​២​នាក់​របស់​សាច់​រឿង។ ការ​សម្ដែង​ទាំង​អស់ គឺ​ទៅ​តាម​ការ​ដឹកនាំ​របស់​នាយ ពែកមី។ តាវ៉ិចទ័រ អះអាង​ថា លោក​បាន​ដាក់​ចិត្ត​រួចស្រេច​ហើយ​ចំពោះ​ការ​សម្ដែង​ពេល​នោះ ដែល​ចាំ​បាច់​ត្រូវ​ទៅ​តាម​អារម្មណ៍​របស់​អ្នក​ដឹកនាំ បើ​ទោះ​មាន​ការ​បង្គាប់​បញ្ជា​ខ្លះ​ៗ​ក៏​ដោយ។

ទោះ​យ៉ាង​នេះ​ក្ដី នាយ ពែកមី ថ្នាក់​ក្រោម​របស់​លោក ក៏​បាន​សុំ​ទោស​ជា​មុន​ដែរ។ លោក សុវណ្ណ រិទ្ធី ថ្លែង​ថា
“គាត់​សុំទោស ថា​បង​សុំ​ទោស…កាល​ណា​ខ្ញុំ​ចង់​បាន​អញ្ចេះ…ខ្ញុំ​ថា មិន​អី​ទេ​ម៉ា​ស្រឡាញ់ បើ​យើង​នៅ​ប្រកាន់​ឥរិយាបថ​អញ្ចេះ​អញ្ចុះ យើង​អត់​ទៅ​មុខ​ទេ។ ហើយ​ខ្ញុំ​សប្បាយ​រីករាយ ដែល​គេ ក្លាយ​ជា Director ហើយ​​ជ្រើស​រើស​ខ្ញុំ។ ខ្ញុំ​សប្បាយ​រីករាយ​ដែល​គាត់​ជា​កូន​ចៅ ហើយ​គាត់​មាន​ទេពកោសល្យ​ចាប់​យក​ការងារ​ដែល​យើង​ធ្លាប់​ធ្វើ មក​ធ្វើ​ខ្លួន​គាត់​ម្ដង”

​ក្រោយ​ឆ្លង​កាត់​ការ​សម្ដែង​លើក​ទី​១​នេះ សុវណ្ណ រិទ្ធី ហៅ​ថា តាវ៉ិចទ័រ ឲ្យ​ដឹង​ថា លោក​ត្រៀម​សម្រាប់​ការ​សម្ដែង​នា​ពេល​ខាង​មុខ​បន្ត​បន្ទាប់​ទៀត ប្រសិន​បើ​ផលិតកម្ម​នានា​ត្រូវ​ការ និង​យល់​ថា​លោក​សម្ដែង​បាន គឺ​លោក​ទទួល។ ប៉ុន្តែ​ក៏​ត្រូវ​ចំ​ពេល​ដែល​លោក​អាច​ឆ្លៀត​ពី​ការងារ​របស់​លោក​នៅ CTN បាន​ដែរ៕

No comments:

Post a Comment