ជើងខ្លាំងប្រដាល់សេរីរបស់កម្ពុជា កែវ រំចង់ ពិតជាបានប្រកាសក្នុង Facebook កាលពីម្សិលមិញដើម្បីសុំសងសឹកជើងខ្លាំងថៃ Yudsanklai ដែលខ្លួនបានចាញ់កាលពីដើមឆ្នាំ២០១៤ ក្នុងកម្មវិធី Thai Fight នៅស្រុកថៃ។
កីឡាករ កែវ រំចង់ ប្រកួតកន្លងទៅ
កែវ រំចង់ បានប្រាប់ថា រូបគេចង់ប្រកួតជាមួយកីឡាករ Yudsanklai ម្ដងទៀត ពីព្រោះកាលជួបគ្នាលើកមុននៅប្រទេសថៃនោះ រូបគេមិនទាន់អស់ចិត្តឡើយ។ កាលជួបគ្នាលើកមុននៅប្រទេសថៃ កែវ រំចង់ បានធ្វើដំណើរដោយរថយន្ត ហើយបាត់បង់កម្លាំងច្រើន មុនដល់ថ្ងៃប្រកួតបានសម្រាកពីរថ្ងៃប៉ុណ្ណោះ ហើយក្នុងរយៈពេលសម្រាកពីរថ្ងៃនោះ សុខភាពរបស់គេមិនសូវមានកម្លាំងឡើយ។
កីឡាកររូបនេះបន្តទៀតថា ការស្នើសុំរបស់គេទៅកាន់កីឡាករថៃរូបនោះមិនទាន់ទទួលការឆ្លើយតបវិញឡើយ បញ្ហាបានទៅប្រកួតឬយ៉ាងណាក៏មិនទាន់ប្រាកដដែរ ប៉ុន្តែលើកនេះប្រសិនបើបានទៅប្រកួតជាមួយកីឡាកររូបនេះពិតមែន រូបគេនឹងធ្វើដំណើរតាមយន្តហោះម្ដង ហើយនឹងធ្វើឲ្យបានល្អជាលើកមុន។
កេវ រំចង់ និយាយថា ៖«ខ្ញុំចង់សងសឹកខ្លាំងមែនទែន។ កាលពីលើកមុន ខ្ញុំមិនដឹងពីបច្ចេកទេសរបស់គេ ហើយខ្ញុំចាញ់មកពីខ្ញុំចូលវ៉ៃទាំងច្រឡោតពេក។ លើកនេះវិញ បើបានទៅ ខ្ញុំនឹងប្រើបច្ចេកទេសថ្មីដោយប្រកួតតាមកម្រិតបច្ចេកទេសកណ្ដាប់ដៃ និងមិនច្រឡោត»។
ទន្ទឹមជាមួយគ្នា អ្នកគាំទ្រមួយចំនួនបានលើកទឹកចិត្ត និងគាំទ្រដល់ កែវ រំចង់ ដែលបានហ៊ានប្រកាសសងសឹក ទោះជាដឹងថា កីឡាករថៃម្នាក់នេះខ្លាំងក៏ដោយ ហើយក៏សំណូមពរឲ្យប្រកួតនៅស្រុកខ្មែរប្រសើរជាង។ ទោះយ៉ាងណា ក៏មានអ្នកគាំទ្រខ្លះមិនពេញចិត្តការប្រកាសសងសឹករបស់កីឡាករកម្ពុជាម្នាក់នេះឡើយ ពីព្រោះមិនសង្ឃឹមទទួលបានលទ្ធផលល្អ។
អ្នកគាំទ្រម្នាក់បានសរសេរថា ៖«ទៅទៅបេីមិនសន្លប់ទៀត ឲ្យធាក់»។ អ្នកគាំទ្រម្នាក់ទៀតសរសេរថា ៖«មិនងាយនឹងឈ្នះគេបានទេ លុះត្រាតែគេសន្លប់ ហើយបើវាយនៅស្រុកខ្មែរអាចល្អមើល»។ ចំពោះលោក ម៉ា សេរី ប្រធានកីឡានៅស៊ីធីអិនបានសរសេរថា ៖«ជួយប្រកាសតាម fb ឲ្យផង គាត់ចង់ប្រឡងចំរៀងជាមួយ ខេមរៈ សេរីមន្ត»។
កាលដើមឆ្នាំ២០១៤ កីឡាករទាំងពីជួបគ្នានៅប្រទេសថៃក្នុងពេលនោះ កែវ រំចង់បានសន្លប់ក្រោមដៃ Yudsanklai ក្នុងទឹកទី២ក្នុងកម្មវិធី Thai Fight ( មានការប្រកួតចំនួន៣ទឹកមិនពាក់ហ្គង់ដៃ៕
No comments:
Post a Comment