រាជធានីភ្នំពេញ : ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ខណៈដែលប្តីប្រពន្ធ និងកូនស្រី២នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងភ្នក់ភ្លើងដោយសារករណីអគ្គីភ័យកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅតាមផ្លូវលេខ៩២ ស្ថិតក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពព័តមាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ប្តីឈ្មោះ គឹម ចាន់រ័ត្ន អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ប្រពន្ឋឈ្មោះ សែម សុផល ជាគ្រូបង្រៀននៅសាលាបឋមសិក្សាត្រពាំងស្វាយ រីឯកូនស្រី២នាក់ ម្នាក់ឈ្មោះ គឹម ណារី អាយុ១០ឆ្នាំ និង គឹម សួស្តី អាយុ០៣ឆ្នាំ។ កូនស្រីទាំង២បានស្លាប់នៅជាន់ឡៅតឿ ចំណែកឪពុកម្តាយបានស្លាប់នៅជាន់ខាងក្រោម។
ក្នុងហេតុការណ៍បន្ទាប់ពីដឹងថាភ្លើងឆេះផ្ទះ ជនរងគ្រោះបានស្រែក និងវាយជញ្ជាំងផ្ទះដើម្បីគេចខ្លួនដែរខណៈភ្លើងបានឆាបឆេះកណ្តាលផ្ទះ ប៉ុន្តែពុំមានអ្នកណាអាចជួយបាន ដោយសារភ្លើងឆាបឆេះខ្លាំងនិងលឿនពេក។ ករណីអគ្គីភ័យនេះបានផ្តើមចេញពីផ្ទះជនរងគ្រោះនិងរាលដាលបំផ្លាញលំនៅដ្ឋាន អ្នកជិតខាង២ខ្នងទៀត។ ផ្ទះដែលឆេះទាំង៣ខ្នងធ្វើអំពីឈើមានទំហំ៤X១១ម៉ែត្រដូចគ្នា គឺផ្ទះលេខ៣,៤(ផ្ទះជនរងគ្រោះ) និងផ្ទះលេខ៥។ អគ្គីភ័យនេះបណ្តាលមកពីទុស្សេខ្សែភ្លើង ខណៈដែលជនរងគ្រោះបានចាក់សោដេកលង់លក់ក្នុងដំណេក៕
No comments:
Post a Comment