ដោយសារតែប្រព័ន្ធអប់រំនៅកូរ៉េ និង កម្ពុជាមានភាពខុសគ្នា លោក Kim Taekyung បណ្ឌិតជនជាតិកូរ៉េម្នាក់ និង ជានាយកមជ្ឈមណ្ឌល Korea Software HRD ចង់ឃើញនិស្សិតខ្មែរមានគុណភាពអប់រំផ្នែក IT ដូចនៅកូរ៉េដែរ។
ក្នុងឱកាសពិធីចុះអនុសារណៈ នៃការយោគយល់គ្នាជាមួយមជ្ឈមណ្ឌល Korea Software HRD រវាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបកាលពីម្សិលមិញ លោកយល់ថា បើប្រៀបធៀបប្រព័ន្ធអប់រំនៅកូរ៉េ និង កម្ពុជា នៅកូរ៉េសិស្សរៀនពី ៨-១២ ម៉ោង តែនៅកម្ពុជារៀនត្រឹម ៤-៥ ម៉ោងប៉ុណ្ណោះ ដែលជាហេតុផ្នែកមួយធ្វើឲ្យការសិក្សាលើបច្ចេកវិទ្យានៅមានកម្រិត។
ដើម្បីបង្កើនគុណភាពអប់រំ លោកចង់ឲ្យសិស្សនិស្សិត IT នៅកម្ពុជាស្រាវជ្រាវច្រើនបន្ថែមក្រៅពីរៀននៅសាលាឲ្យស៊ីជម្រៅ តាមរយៈប្រព័ន្ធ Internet ជាមួយគេហទំព័រ Khmer Academy ដែលបង្រៀនផ្ដោតលើមុខវិជ្ជាទាក់ទងមុខជំនាញ IT ជាមួយការបង្រៀនជាភាសាខ្មែរផ្ទាល់ អមមកជាមួយវីដេអូដែលមានការពន្យល់យ៉ាងក្បោះក្បាយ។
ចំពោះលោក kwan-Hee Yoo សាស្ត្រាចារ្យកម្រិតបណ្ឌិត នៃសាកលវិទ្យាល័យជុងប៊ុក ( កូរ៉េខាងត្បូង) និយាយថា ធនធានមនុស្សជារឿងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស ដូច្នេះហើយការសម្រួចលើការសិក្សាស្រាវជ្រាវច្រើន ជារឿងល្អសម្រាប់សិស្សនិស្សិត។
លោក ចិន ភីរម្យ អ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌល Korea Software HRD ប្រាប់ថា Khmer Academy ជារបៀបរៀនបែប E-Learning ដែលសិស្សនិស្សិត IT អាចសិក្សាស្វែងយល់និងរៀនដោយខ្លួនឯង ដើម្បីអាចបណ្ដុះស្មារតីសម្រាប់ការសិក្សាផ្នែក IT កាន់តែប្រសើរថែមទៀត។
Khmer Academy មានមុខវិជ្ជាបង្រៀន ដូចជា របៀបបង្កើតកម្មវិធីលើ iOS , កម្មវិធី Android , ការបង្កើត Website និង ការរចនាឌីហ្សាញ។ គេហទំព័រនេះមានបង្រៀនសរសេរកូដតាំងពីកម្រិតដំបូងដល់កម្រិត ខ្ពស់ដូច ជា Java , SQL , HTML , CSS , JavaScript , jQuery , PHP , C# ជាដើម។ ចំណែកមេរៀន Design មានដូចជា Photoshop និង illustrator រួមទាំងការបង្រៀនពីកម្មវិធីរដ្ឋបាលដូចជា Word , Excel និង PowerPoint។ ជាងនេះទៅទៀត Khmer Academy ក៏មានបង្រៀនភាសាអង់គ្លេស និងភាសាកូរ៉េផងដែរ។
បន្ថែមពីលើនេះ មជ្ឈមណ្ឌល Korea Software HRD និង សាកលវិទ្យាល័យជុងប៊ុក( កូរ៉េខាងត្បូង) ដែលជាដៃគូសហការ ក៏នឹងគ្រោងចុះ MOU ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង សាកលវិទ្យាល័យ IIC ផងដែរ ក្នុងន័យបង្កើនគុណភាពនៃការអប់រំ ការផ្លាស់ប្ដូរនិស្សិត ការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរសាស្ត្រាចារ្យនិងការចូលរួមសកម្មភាពនានា៕
No comments:
Post a Comment